ភ្នំពេញៈ វិទ្យាស្ថាន វ៉ាន់ ដា ដែលជាសាលាល្បី ផ្នែកបណ្តុះបណ្តាល ជំនាញគណនេយ្យ នៅកម្ពុជា នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ បានសហការជាមួយ សមាគម គណនេយ្យករជំនាញ ហៅកាត់ថា ACCA រៀបចំសិក្ខាសាលាមួយ ស្តីពី “តម្រូវការ និយោជក ក្នុងអាជីព គណនេយ្យ” ដើម្បីឱ្យនិស្សិត បានស្វែងយល់ អំពីតម្រូវការគណនេយ្យករ នៅតាម ក្រុមហ៊ុននានា ។
សិក្ខាសាលានេះ មានការចូលរួម ធ្វើជាវាគ្មិន ពីតំណាងក្រុមហ៊ុនជាច្រើន រួមមាន លោក Sar Kinal នាយកគ្រប់គ្រងក្រុមហ៊ុន Aplus Consulting co.,ltd , លោក ទា វាន់ថា តំណាងក្រុមហ៊ុន KPMG Cambodia co.,ltd ,លោក ឈឿន ណាវុធ តំណាង មកពីក្រុមហ៊ុន Bristish American tobacco ,លោក David Mah តំណាងក្រុមហ៊ុន DFDL Mekong ltd និងលោក Senaka Fernando នាយកគ្រប់គ្រង ACCA ប្រចាំកម្ពុជាផងដែរ ។
លោក ហេង ច័ន្ទរិទ្ធី នាយករង នៃវិទ្យាស្ថានវ៉ាន់ដា ដែលត្រូវជាកូនទី២ របស់នាយកវិទ្យាស្ថាននេះ បានឱ្យដឹងថា គោលបំណង ដែលវិទ្យាស្ថាន វ៉ាន់ដា រៀបចំសិក្ខាសាលា ស្តីពី “តម្រូវការ និយោជក ក្នុងអាជីព គណនេយ្យ” នេះឡើង គឺដើម្បីឱ្យនិស្សិត បានយល់ដឹងបន្ថែម នូវតម្រូវការ នៃជំនាញរបស់គេ និងការងារខ្លះៗ ផ្នែកគណនេយ្យ នៅតាមបណ្តាក្រុមហ៊ុនមួយចំនួន ដែលនេះមិនមែន គ្រាន់តែជាការ យល់ដឹងនូវ ការមេរៀន នៅក្នុងសាលាតែប៉ុណ្ណោះទេ ។
លោកថា បច្ចុប្បន្ន តម្រូវការផ្នែកគណនេយ្យ នៅតាមក្រុមហ៊ុននានា មានការកើនឡើងច្រើន ដោយសារតែក្រុមហ៊ុនជាច្រើន បានបង្កើតឡើងជាបន្តបន្ទាប់ ស្របពេលនឹង ប្រទេសកម្ពុជាកំពុង អភិវឌ្ឍន៍ទៅមុខ ដូច្នេះនិស្សិតគួរតែរៀនស្វែងយល់ ពីតម្រូវការ ការងារ នៅតាមបណ្តាក្រុមហ៊ុនទាំងនោះ និងចាប់ជំនាញសិក្សា ណាមួយឱ្យបានច្បាស់លាស់ផងដែរ ៕
ដោយៈប៊ុនសាយ-Posted ID:037
ដោយៈប៊ុនសាយ-Posted ID:037
0 comments:
Post a Comment